ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ Good Return បានរៀបចំយុទ្ធនាការ “តោះ! និយាយពីលុយ” ដើម្បីលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទាំងអស់និយាយជាមួយ ក្រុមគ្រួសាររបស់ខ្លួនអំពីបញ្ហាលុយ ។

យុទ្ធនាការនេះផ្អែកលើសំណុំសំខាន់ៗ​ ៤ នៃ​ “ពេលវេលាដែលសាកសមសម្រាប់ចែករំលែកចំណេះដឹង” ដល់អ្នកប្រើប្រាស់ ខណៈដែលពួកគេមានទំនាក់ទំនងស្រាប់ជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ (គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ)​។​

សំណុំទាំង​ ៤ នោះរួមមាន ការប្រាស្រ័យទាក់ទង; ការចរចា; ការជ្រើសរើស; និង ការប្រើប្រាស់.

យុទ្ធនាការនេះផ្តល់និងលើកកម្ពស់ឧបករណ៍ដែលចាំបាច់សម្រាប់កម្មវិធីអប់រំការយល់ដឹងរបស់អ្នកប្រើប្រាស់ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ ជាជាងតម្រូវឱ្យស្ថាប័ននីមួយៗត្រូវបង្កើតធនធាន ឬសកម្មភាពដែលចំណាយច្រើនប៉ុន្តែប្រើប្រាស់បានតែម្តងនោះ ។

យុទ្ធនាការនេះប្រើប្រាស់វីដេអូអប់រំខ្លី តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម សារ SMS វិទ្យុ និងទូរទស្សន៍ ។ ប្រព័ន្ធផ្សព្វផ្សាយទាំងនេះត្រូវបានរួមបញ្ចូលជាមួយនឹងឧបករណ៍ប្រើក្នុងយុទ្ធនាការ​ ធនធាន និងសម្ភារៈទាំងឡាយដើម្បីបញ្ជូន និងពង្រឹងសារអប់រំផ្នែកហិរញ្ញវត្ថុសំខាន់ៗនៃយុទ្ធនាការទៅកាន់ប្រជាជន ។

ធនធាននិងសម្ភារៈប្រើប្រាស់ក្នុងយុទ្ធនាការត្រូវបានរៀបចំឡើងជាពិសេសដើម្បីបំពេញនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុមានស្រាប់ ដែលផ្តល់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុ រាប់បញ្ចូលទាំងគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថ។

សំណុំទាំង៤


ការប្រាស្រ័យទាក់ទង

“​រួត​រះ​សួរនាំ​ រឿង​លុយ​រឿង​ កាក់​ ចាត់ចែង​ទុកដាក់​ តាម​មុខ​តាម​ការ​។​ បើ​មាន​ច​ម្ង​ល់​ ឆាប់​សួរ​ជួប​ ប្រឹក្សា​ អ្នក​ផ្តល់​សេវា​ ផ្តល់​យោបល់​ល្អ​ តោះ​!​ និយាយ​ពី​លុយ​”​ ។​


ការចរចា

“ការប្រាក់កម្ចីថ្លៃខ្ពស់ ហួសហេតុ នាំមាត់ ខានឆ្អែតព្រោះ ចំណាយធំ។ រៀនប្រៀបធៀបអត្រា ការប្រាក់និងស្វែងយល់ ពីលក្ខខណ្ឌផ្សេងៗក្នុង ការខ្ចីលុយ។ រៀនតថ្លៃដើម្បីទទួលបានលទ្ធផលល្អ ។  តោះ! និយាយលុយ” ។


ការជ្រើសរើស

“​កុំ​ខ្ចី​ពី​ក្លើ​ ទៅ​សង​ ម្រាក់​ ។​ការ​ខ្ចីប្រាក់​ពី​ច្រើន​កន្លែង​ទាំង​ខ្លួន​មិន​មាន​ ប្រភព​ចំណូល​រឹង​មាំ​ អាច​នាំ​ឲ្យ​គ្រួសារ​ និង​អ្នក​ធ្លាក់​ក្នុង​អន្ទាក់​ នៃ​ភាព​ក្រីក្រ​។​ តោះ​!​ និយាយ​ពី​លុយ​”​ ។​


ការប្រើប្រាស់

“​កុំ​ឆី​តាម​ឃ្លាន​ កុំ​ហ៊ាន​តាម​ចង់​ លុយ​ខ្ចី​ត្រូវ​បង់​ ទាន់​តាម​កំណត់​ តោះ​!​ និយាយ​លុយ​ “​ ។​